Client vs Server

ជាទូទៅ ដែល​ហៅ​ថា​ server គឺ​ជា​កំព្យូទ័រ​យក្ស​របស់​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅ​លើ​បណ្តាញ Internet ដែល​មាន​សម្ថភាព​អាច​ផ្តល់​សេវា​ផ្សេង​ៗ អោយ​ដល់​បណ្តា​អ្នក​ប្រើប្រាស់​កំព្យូទ័រ​និង​ឬ​ទូរស័ព្ទ​ដៃ​ចំនួន​រាប់​លាន​អ្នក​នៅ​ជុំវិញ​ពិភពលោក​។ ឧទាហរណ៍ ដូច​ជា server របស់​ក្រុមហ៊ុន Facebook ​ជាដើម​ដែល​ជា​កំព្យូទ័រ​យក្ស​អាច​បំរើ​សេវា​បណ្តាញ​សង្គម​អោយ​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ផែនដី​យើង​នេះ​។

ចំណែក​ឯ​កំព្យូទ័រ​ឬ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ទាំងឡាយ ដែល​ទទួល​បាន​សេវា​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះវិញ ត្រូវ​គេ​ហៅ​ថា​ជា client ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង server បាន​ តាម​រយៈ browser របស់​ពួក​គេ​។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​នៅ​ពេល​ខ្លះ​ពាក្យ​ថា cleint នេះ ក៏​មាន​ន័យ​ថា​ជា​ browser របស់​អ្នក​ប្រើប្រាស់​​ផង​ដែរ​។

មួយវិញទៀត បណ្តា​កម្មវិធី​កំព្យូទ័រ​ទាំងឡាយ​ណា​ដែល​ដំណើរការ​នៅ​លើ server ត្រូវ​គេ​ហៅ​ថា​ជា web application ដែល​ជា​ភាសា​ខ្មែរ យើង​អាច​បកប្រែ​ថា​ជា កម្មវិធី​គេហទំព័រ ។ ជាទូទៅ web application ឬ​កម្មវិធី​គេហទំព័រ​តែង​តែ​ផ្តល់​លទ្ធផល​ជា​ព័ត៌មាន​ផ្សេង​ៗ​ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់ browser របស់ client ក្នុង​គោល​បំណង​សរសេរ​បង្ហាញ​ព៏ត៌មាន​ទាំងនោះ​នៅ​លើ browser របស់ client ។

ម៉្យាងទៀត មាន​ភាសា​ជា​ច្រើន​ដែលត្រូវ​គេ​យក​មក​ប្រើប្រាស់​ក្នុង​ការសរសេរ​រៀបចំ​បង្កើត​​កម្មវិធី​គេហទំព័រ​ទាំងពួង មាន​ដូច​ជា PHP, Node.js, Ruby, និង Python ជាដើម​។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ភាសា​ដែល​គេ​និយម​ជាងគេគឺ PHP ហើយ​នៅ​លើ​ស្ទើរ​គ្រប់ server ទាំងអស់​នៅ​ជុំវិញ​ពិភពលោក សុទ្ធ​តែ​មាន​ផ្នែក​ទន់​នៃ​ភាសា PHP នេះ​នៅ​លើប្រព័ន្ធ​របស់​គេ​រួច​ជាស្រច​។

ក៏ប៉ុន្តែ នៅ​ក្នុង​ការសិក្សា​រៀន​សូត្រ​ប្រើប្រាស់​ភាសា PHP នេះ ក្នុង​ការសរសេរ​កម្មវិធី​គេហទំព័រ យើង​មិន​ចាំបាច់​ប្រើប្រាស់ server ​នៅ​លើ​បណ្តាញ​ Internet ទាំងនោះ​ឡើយ​។ លើស​ពី​នេះ​ទៀត យើង​ត្រូវ​បង់​ប្រាក់ ទើប​អាច​ប្រើប្រាស់​ server ​នៅ​លើ​បណ្តាញ​ទាំងនោះ​បាន​។ ផ្ទុយ​ទៅវិញ យើង​អាច​កែច្នៃ​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង​ អោយ​ទៅ​ជា server ដ៏​តូច​មួយ​បាន និង​ប្រើប្រាស់ browser របស់​យើង​ជា client នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​ server នេះ​។

យ៉ាងណាម៉ិញ ដើម្បី​បង្កើត​ server ដែល​ជា​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង យើង​អាច​ទាញ​យក​និង​តំលើង​កម្មវិធី XAMPP ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ https://www.apachefriends.org/index.html

ក្រោយ​ពី​តំលើង​កម្មវិធី XAMPP ប្រកបដោយ​ជោគជ័យ​រួច​ហើយ យើង​អាច​ដំណើរការ​កម្មវិធី Apache បង្កើត server ដែល​ជា​កំព្យូទ័រ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ចុច​បើក​កម្មវិធី XAMPP និង​ចុច​ប៊ូតុង start ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖


បន្ទាប់មកទៀត យើង​អាច​ទាញ​យក​និង​តំលើង​កម្មវិធី Visual Studio Code របស់​ក្រុមហ៊ុន​ Microsoft ដើម្បី​យក​មក​ប្រើប្រាស់​សំរាប់​សរសេរ​កូដ​ជា​ភាសា PHP ទាំងឡាយ ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ https://code.visualstudio.com/download

លុះ​មាន​អ្វីៗ​គ្រប់​សព្វ​អស់​ហើយ យើង​អាច​ចុច​ដំណើរការ​កម្មវិធី Visual Studio Code ព្រម​ទាំង​បង្កើត​ឯកសារ​ថ្មីមួយ ដោយ​​សរសេរ​កូដ​ជា​ភាសា PHP ដ៏​តូច​មួយ​នៅ​ក្នុង​នោះ​ថា៖

បន្ទាប់​មក​ទៀត​ដើម្បី​ដំណើរការ​កម្មវិធី​ខាង​លើ​នេះ យើង​ចាំបាច់​ត្រូវ​រក្សា​វា​ទុក​នៅ​ក្នុង​ថត C:\xampp\htdocs\ ដោយ​ដាក់​ឈ្មោះ​ថា​អ្វី​មួយ មាន​ដូច​ជា myapp.php ជាដើម រួច​បើក​ browser ចូល​ទៅ​កាន់​គេហទំព័រ​ដែល​មាន​អាស័យដ្ឋាន​ជា http://localhost/myapp.php  យើង​នឹង​ឃើញ​លទ្ធផល​ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ៖


សំណួរ

១. តើ server និង client ខុស​គ្នា​យ៉ាង​ដូចម្តេច?
២. តើ​ទំនាក់​ទំនង​រវាង sever និង client កើត​ឡើង​ដោយ​របៀប​ណា?
៣. ដូចម្តេច​ដែល​ហៅ​ថា web application ឬ កម្មវិធី​គេហទំព័រ?
៤. តើ​កម្មវិធី​គេហទំព័រ​ត្រូវ​បង្កើត​តាម​របៀបណា​ដែ​?
៥. តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ប្រែក្លាយ​កំព្យូទ័រ​របស់​យើង អោយ​ក្លាយ​ទៅ​ជា server ដ៏​តូច​មួយ​?
៦. តាម​យោបល់​របស់​អ្នក តើ​កម្មវិធី​ណា​មួយ​ល្អ​ជាង​គេ​ សំរាប់​ការសរសេរ​កូដ​?
៧. តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ ដើម្បី​បង្កើត​និង​ដំណើរការ​កម្មវិធី​គេហទំព័រ​ជា​ភាសា PHP ណា​មួយ​?