នៅក្នុងចំណោមភាសាសំរាប់សរសេរកម្មវិធីកំព្យូទ័រ Python គឺជាភាសាមួយដែលស្រួលរៀនជាងគេ ព្រោះវាមានលក្ខណៈដ៏សាមញ្ញបំផុត។
យ៉ាងណាម៉ិញ ដើម្បីអាចសរសេរកម្មវិធីកំព្យូទ័រជាភាសា Python បាន យើងចាំបាច់ត្រូវតែទាញយកផ្នែកទន់ Python ចុងក្រោយគេ ពីគេហទំព័រ www.python.org មកតំលើងនៅក្នុងកំព្យូទ័ររបស់យើង។
បន្ទាប់ពីមានផ្នែកទន់ Python នេះរួចហើយ យើងអាចប្រើប្រាស់ផ្នែកទន់ដ៏ល្បីឈ្មោះមួយទៀត មានឈ្មោះថា PyCharm សំរាប់សរសេរអត្ថបទដែលជាកម្មវិធីជាភាសា Python ទាំងឡាយ។ យើងអាចទាញយកផ្នែកទន់់ចុងក្រោយនេះ ពីអាស័យដ្ឋាន៖ https://www.jetbrains.com/pycharm/download/ ។
មួយវិញទៀត នៅពេលត្រូវចាប់ផ្តើមដំណើរការជាលើកដំបូង កម្មវិធី PyCharm នឹងសុំអោយយើងបង្កើតគំរោង (project) នៃកម្មវិធីជាភាសា Python ថ្មីមួយ ដែលនៅក្នុងនោះមានឯកសារមួយចំនួន រួមនឹងឯកសារមួយមានឈ្មោះថា main.py ផងដែរ។
បន្ទាប់មកទៀត យើងអាចលុបចោលនូវអ្វីៗទាំងអស់ដែលមាននៅក្នុងឯកសារឈ្មោះ main.py និងសរសេរកម្មវិធីជាភាសា Python ជាលើកដំបូងរបស់យើង ដូចខាងក្រោមនេះ៖
purchase = 10000
sale = 90000
profit = sale - purchase
print("ប្រាក់ចំណេញទាំងអសគឺ៖ ", profit)
ប្រាក់ចំណេញទាំងអសគឺ៖ 80000
ដើម្បីតំរូវអោយកំព្យូទ័រ យកកម្មវិធីខាងលើនេះទៅអនុវត្ត យើងគ្រាន់តែចុចពាក្យថា Run នៅក្នុង menu របស់កម្មវិធី PyCharm គឺជាការស្រេច យើងនឹងឃើញលទ្ធផលដូចខាងលើនេះ។
យ៉ាងណាម៉ិញ នៅពេលដែលកម្មវិធីជាភាសា Python ដ៏តូចមួយរបស់យើងខាងលើនេះដំណើរការ ផ្នែកទន់បកប្រែ (interpreter) នឹងបកប្រែនូវអ្វីៗដែលមាននៅក្នុងនោះទាំងប៉ុន្មាន ពីភាសា Python ទៅជាភាសាម៉ាស៊ីន ដើម្បីពន្យល់ប្រាប់កំព្យូទ័រអោយធ្វើការងារផ្សេងៗ ដូចមានចែងនៅក្នុងកម្មវិធីនេះ។ ហើយការបកប្រែ គឺត្រូវធ្វើឡើងពីលើចុះក្រោម និងពីឆ្វេងទៅស្តាំ មួយបន្ទាត់ម្តងៗ រហូតដល់ចប់។
ជាលទ្ធផល យើងសង្កេតឃើញថា ការងារទាំងឡាយនៅក្នុងកម្មវិធីកំព្យូទ័រ គឺជាការងារដែលតំរូវអោយកំព្យូទ័រយកអនុវត្ត។ ដូចនេះ ការងារទាំងនោះមានលក្ខណៈជាបញ្ជា (statement) តំរូវអោយកំព្យូទ័រយកទៅអនុវត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
សរុបមក ការសរសេរកម្មវិធីកំព្យូទ័រ គឺជាការសរសេររៀបចំបញ្ជាមួយចំនួន ដើម្បីតំរូវអោយកំព្យូទ័រយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាមួយចំនួន៕















