Flask Python Web Framework

Flask គឺ​ជា web framework ដែល​ជា​កញ្ចប់​នៃ​ក្បួនខ្នាត​មួយ​ចំនួន សំរាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការសរសេរ​កម្មវិធី​គេហទំព័រ​ជា​ភាសា Python ។ យ៉ាងណាម៉ិញកញ្ចប់​នៃ​ក្បួន​ខ្នាត​មួយ​នេះ កំពុង​មាន​ប្រជាប្រិយ​ជា​ខ្លាំង​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ ដោយ​ហេតុ​ថា លក្ខណៈ​ពិសេស​របស់​កញ្ចប់​មួយ​នេះ គឺ​វា​មាន​ប្រភេទ​ជា microframework មាន​ន័យ​ថា វា​ជា​កញ្ចប់​ដ៏​តូច​បំផុត​មួយ ដែល​នៅ​ក្នុង​នោះ មាន​ក្បួន​យ៉ាង​តិច​បំផុត សំរាប់​អោយ​យើង​យក​ទៅ​ប្រើប្រាស់​បង្កើត​តែ​មូលដ្ឋាន​គ្រឹះ​នៃ​កម្មវិធី​គេហទំព័រ​តែ​ប៉ុណ្ណោះ​។ ហើយ​បន្ទាប់​ពី​នេះ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​ក្បួន​ខ្នាត​នៅ​ក្នុង​កញ្ចប់​ផ្សេង​ទៀត ដើម្បី​សរសេរ​ពង្រីក​កម្មវិធី​គេហទំព័រ​មូលដ្ឋាន​គ្រឹះ​នោះ ​អោយ​មានលក្ខណៈ​ជា​កម្មវិធី​គេហទំព័រ​យ៉ាង​ពេញលេញ​។

ក៏ប៉ុន្តែ លក្ខណៈ​អប្បបរិមា​របស់​របស់​កញ្ចប់ Flask គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ជួយ​សំរួល​ដល់​ការរៀន​សរសេរ​កម្មវិធី​គេហទំព័រ​ជា​ភាសា Python សំរាប់​អ្នក​ចាប់​ផ្តើម​រៀន​ដំបូង​ ព្រោះ​វា​ជា​កត្តា​មួយ​ជួយ​អោយ​ពួក​គេ​ចំណាយ​ពេល​តិច ក្នុង​ការស្វែង​យល់​ពី​ចំណុច​សំខាន់​នៃ​កម្មវិធី​គេហទំព័រ មាន​ដូចជា​ការភ្ជាប់ផ្លូវ (routing) និង ការបង្កើត​ទំព័រ HTML (templating) ជាដើម​។

យ៉ាងណាម៉ិញ ដើម្បី​អាច​ប្រើប្រាស់​ក្បួនខ្នាត​នៅ​ក្នុង​កញ្ចប់ Flask នេះ​បាន យើង​ចាំបាច់​ត្រូវ​ទាញ​យក​កញ្ចប់​នេះ មក​តំលើង​នៅ​ក្នុង​ថត​ដែល​ជា​កម្មវិធី​គេហទំព័រ​របស់​យើង​ជាមុន​សិន​។ អាស្រ័យ​ហេតុ​នេះ ជាកិច្ច​ចាប់​ផ្តើម យើង​ត្រូវ​បង្កើត​ថត​មួយ​សំរាប់​កម្មវិធី​គេហទំព័រ​របស់​យើង​ជា​មុន​សិន មាន​ដូច​ជា​ថត​ឈ្មោះ​ថា «flask» ជាដើម​។ បន្ទាប់​មក​ទៀត យើង​ត្រូវ​បើក​បង្អួច​ខ្មៅ និង CD ចូល​ទៅ​ក្នុង​ថត flask នោះ​រូច​ត្រូវ​បង្កើត virtual environment មួយ​ដើម្បី​ទាញយក​និង​រក្សាទុក​នូវ​ក្បួនខ្នាត​ទាំងឡាយ ដែល​ជាប់​ទាក់ទង​នឹង​កម្មវិធី​គេហទំព័រ​របស់​យើង​។

ការបង្កើត virtual environment ត្រូវ​ធ្វើ​ឡើង ដោយ​ការសរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា៖
py -3 -m venv venv
ជា​លទ្ធផល ថត​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្បួន​ខ្នាត​មួយ​ចំនួន ក៏​ត្រូវ​បាន​ទាញ​យក​មក​រក្សា​ទុក​នៅ​ថត​ទាំងនោះ ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ រួម​ទាំង​ផ្នែក​ទន់​បកប្រែ​ភាសា Python ដាច់​ដោយ​ឡែក​មួយ​ផង​ដែរ​។ បន្ទាប់​មកទៀត ដើម្បី​តំលើង​កញ្ចប់ flask នៅ​ក្នុង​ថត​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង យើង​ចាំបាច់​ត្រូវ​ដំណើរការ virtual environment ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ ដូច​ខាង​ក្រោម​នេះ៖
venv\Scripts\activate
pip install Flask
បន្ទាប់​មក​ទៀត យើង​អាច​បង្កើត​កម្មវិធី​គេហទំព័រ​ជា​ភាសា Python ដ៏​តូច​មួយ ដោយ​ប្រើប្រាស់​កញ្ចប់ flask ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖
#c:\flask\index.py
from flask import Flask
app = Flask(__name__)

@app.route('/')
def hello_world():
    return 'Hello, World!'
ហើយ​ដើម្បី​ដំណើរការ​កម្មវិធី​ខាង​លើ យើង​ត្រូវ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ដូច​ខាង​ក្រោម​នេះ រួច​បើក browser ចូល​ទៅ​កាន់​អាស័យដ្ខាន http://127.0.0.1:5000/
set FLASK_APP=index.py
flask run