Client vs Server

ជាទូទៅ ដែល​ហៅ​ថា​ server គឺ​ជា​កំព្យូទ័រ​យក្ស​របស់​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅ​លើ​បណ្តាញ Internet ដែល​មាន​សម្ថភាព​អាច​ផ្តល់​សេវា​ផ្សេង​ៗ អោយ​ដល់​បណ្តា​អ្នក​ប្រើប្រាស់​កំព្យូទ័រ​និង​ឬ​ទូរស័ព្ទ​ដៃ​ចំនួន​រាប់​លាន​អ្នក​នៅ​ជុំវិញ​ពិភពលោក​។ ឧទាហរណ៍ ដូច​ជា server របស់​ក្រុមហ៊ុន Facebook ​ជាដើម​ដែល​ជា​កំព្យូទ័រ​យក្ស​អាច​បំរើ​សេវា​បណ្តាញ​សង្គម​អោយ​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ផែនដី​យើង​នេះ​។

ចំណែក​ឯ​កំព្យូទ័រ​ឬ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ទាំងឡាយ ដែល​ទទួល​បាន​សេវា​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះវិញ ត្រូវ​គេ​ហៅ​ថា​ជា client ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង server បាន​ តាម​រយៈ browser របស់​ពួក​គេ​។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​នៅ​ពេល​ខ្លះ​ពាក្យ​ថា cleint នេះ ក៏​មាន​ន័យ​ថា​ជា​ browser របស់​អ្នក​ប្រើប្រាស់​​ផង​ដែរ​។

មួយវិញទៀត បណ្តា​កម្មវិធី​កំព្យូទ័រ​ទាំងឡាយ​ណា​ដែល​ដំណើរការ​នៅ​លើ server ត្រូវ​គេ​ហៅ​ថា​ជា web application ដែល​ជា​ភាសា​ខ្មែរ យើង​អាច​បកប្រែ​ថា​ជា កម្មវិធី​គេហទំព័រ ។ ជាទូទៅ web application ឬ​កម្មវិធី​គេហទំព័រ​តែង​តែ​ផ្តល់​លទ្ធផល​ជា​ព័ត៌មាន​ផ្សេង​ៗ​ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់ browser របស់ client ក្នុង​គោល​បំណង​សរសេរ​បង្ហាញ​ព៏ត៌មាន​ទាំងនោះ​នៅ​លើ browser របស់ client ។


ម៉្យាងទៀត មាន​ភាសា​ជា​ច្រើន​ដែលត្រូវ​គេ​យក​មក​ប្រើប្រាស់​ក្នុង​ការសរសេរ​រៀបចំ​បង្កើត​​កម្មវិធី​គេហទំព័រ​ទាំងពួង មាន​ដូច​ជា Python, Node.js, Ruby, និង PHP ជាដើម​។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ Python ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ពី​មួយ​ទៅ​ថ្នៃ ហើយ​នៅ​លើ​ស្ទើរ​គ្រប់ server ទាំងអស់​នៅ​ជុំវិញ​ពិភពលោក សុទ្ធ​តែ​មាន​ផ្នែក​ទន់​នៃ​ភាសា Python នេះ​នៅ​លើប្រព័ន្ធ​របស់​គេ​រួច​ជាស្រច​។

ក៏ប៉ុន្តែ នៅ​ក្នុង​ការសិក្សា​រៀន​សូត្រ​ប្រើប្រាស់​ភាសា Python នេះ ក្នុង​ការសរសេរ​កម្មវិធី​គេហទំព័រ យើង​មិន​ចាំបាច់​ប្រើប្រាស់ server ​នៅ​លើ​បណ្តាញ​ Internet ទាំងនោះ​ឡើយ​។ លើស​ពី​នេះ​ទៀត យើង​ត្រូវ​បង់​ប្រាក់ ទើប​អាច​ប្រើប្រាស់​ server ​នៅ​លើ​បណ្តាញ​ទាំងនោះ​បាន​។ ផ្ទុយ​ទៅវិញ យើង​អាច​កែច្នៃ​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង​ អោយ​ទៅ​ជា server ដ៏​តូច​មួយ​បាន និង​ប្រើប្រាស់ browser របស់​យើង​ជា client នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​ server នេះ​។

យ៉ាងណាម៉ិញ ដើម្បី​បង្កើត​ server ដែល​ជា​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង យើង​អាច​ទាញ​យក​និង​តំលើង​ផ្នែក​ទន់ Python ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ https://www.python.org/ ។

បន្ទាប់មកទៀត យើង​អាច​ទាញ​យក​និង​តំលើង​កម្មវិធី Visual Studio Code របស់​ក្រុមហ៊ុន​ Microsoft ដើម្បី​យក​មក​ប្រើប្រាស់​សំរាប់​សរសេរ​កូដ​ជា​ភាសា Python ទាំងឡាយ ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ https://code.visualstudio.com/download ៕