នៅក្នុងជីវភាពរស់នៅរបស់យើងសព្វថ្ងៃ យើងតែងឮគេនិយាយអំពីកម្មវិធីផ្សេងៗ មានដូចជា កម្មវិធីបុណ្យ កម្មវិធីអភិវឌ្ឍន៍ និង កម្មវិធីទូរទស្សន៍ជាដើម។ តើពាក្យថាកម្មវិធីនេះ មានន័យដូចម្តេចដែរ?
បើយើងលើកយកកម្មវិធីបុណ្យមកពិនិត្យមើល យើងនឹងឃើញថា កម្មវិធីបុណ្យគឺជាអត្ថបទរៀបរាប់ពីពិធីផ្សេងៗ ដែលត្រូវធ្វើឡើងតាំងពីពេលចាប់ផ្តើមបុណ្យ រហូតដល់ពេលចប់បុណ្យ ក្នុងគោលបំណងប្រារព្វពិធីបុណ្យទាំងមូល។ ដូចនេះ កម្មវិធីបុណ្យ គឺជាការរៀបចំការងារត្រូវធ្វើ តាមលំដាប់លំដោយ ក្នុងគោលបំណងចាត់ចែងពិធីបុណ្យទាំងមូល។
មួយវិញទៀត បើសិនជាយើងលើកយកកម្មវិធីអភិវឌ្ឍន៍មកពិនិត្យមើលវិញម្តង យើងឃើញថា កម្មវិធីអភិវឌ្ឍន៍គឺជាអត្ថបទរៀបរាប់ពីការងារទាំងឡាយ ដែលត្រូវធ្វើតាមលំដាប់លំដោយនៅក្នុងរយៈពេលកំណត់ណាមួយ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។
ចំណែកឯកម្មវិធីទូរទស្សន៍វិញ វាក៏ជាអត្ថបទរៀបរាប់ពីការបញ្ចាំងនាទីផ្សេងៗ សំរាប់រយពេលពេញមួយថ្ងៃផងដែរ។
សរុបមក ទាំងកម្មវិធីបុណ្យ ទាំងកម្មវិធីអភិវឌ្ឍន៍ ទាំងកម្មវិធីទូរទស្សន៍ គឺសុទ្ធតែស្តែងចេញពីការងារដែលត្រូវធ្វើតាមលំដាប់លំដោយ ក្នុងរយពេលកំណត់ណាមួយ ក្នុងគោលបំណងដោះស្រាយបញ្ហាមួយចំនួន។
ចំពោះកម្មវិធីកំព្យូទ័រវិញ ក៏មានលក្ខណៈស្រដៀងគ្នានេះដែរ ពោលគឺវាក៏ជាអត្ថបទរៀបរាប់ពីការងារមួយចំនួន តំរូវអោយកំព្យូទ័រយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាមួយចំនួនផងដែរ។ តែដោយហេតុថា កំព្យូទ័រអាចធ្វើការរាប់លាន ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក ដូចនេះការងារទាំងអស់នៅក្នុងកម្មវិធីកំព្យូទ័រ មិនទាមទារអោយមានរយៈពេលកំណត់ឡើយ។
និយាយអោយខ្លី នៅពេលណាដែលយើងសរសេររៀបរាប់ពីការងារមួយចំនួន តំរូវអោយកំព្យូទ័រធ្វើតាមលំដាប់លំដោយ ក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយ គឺនៅពេលនោះហើយ ដែលយើងសរសេរកម្មវិធីកំព្យូទ័រ។
ជាក់ស្តែង ដើម្បីរៀបចំកម្មវិធីតំរូវអោយកំព្យូទ័រដោះស្រាយបញ្ហារកប្រាក់ចំណេញ យើងអាចធ្វើដូចខាងក្រោមនេះ៖
គណនារកថ្ងៃទិញ គណនារកថ្លៃលក់ ប្រាក់ចំណេញ = ថ្លៃលក់ - ថ្លៃទិញការធ្វើដូចខាងលើនេះ ត្រូវគេហៅថាជាការសរសេរ algorithm ឬការរៀបចំផែនការដែលជាកម្មវិធីជាភាសាខ្មែរយើងធម្មតា។ ក៏ប៉ុន្តែ កំព្យូទ័រមិនអាចយល់កម្មវិធីជាភាសាខ្មែរខាងលើនេះបានឡើយ គឺយើងត្រូវសរសេរកម្មវិធីនោះ ជាភាសាណាមួយដែលកំព្យូទ័រអាចយល់បាន និងអាចយកទៅ អនុវត្ត (execute) ដើម្បីដោះស្រាយបញ្ហារកប្រាក់ចំណេញនេះ។
យ៉ាងណាម៉ិញ ការសរសេរ algorithm សំរាប់កម្មវិធីកំព្យូទ័រ គ្មានអ្វីខុសគ្នាទៅនឹងការសរសេរដំណោះស្រាយនៅក្នុងលំហាត់គណិតវិទ្យាឡើយ។ ពោលគឺយើងត្រូវសរសេរចំលើយផ្សេងៗ ដោយរៀបចំទៅតាមលំដាប់លំដោយនៃការដោះស្រាយបញ្ហា៕