ការណែនាំ​អំពី​គំនូរ​ត្រីមាត្រ

ជាទូទៅ ការសរសេរកូដ​ចែក​ចេញ​ជាពីរ​ផ្នែក គឺ​ការសរសេរកូដ​ទាក់ទង​នឹង​ផ្នែក​ទិន្នន័យ (database programming) និង​ការសរសេរកូដ​ទាក់ទង​នឹង​គំនូរ​ឌីជីតល់​ដែល​ត្រូវ​គ្រប់​ដណ្តប់​ដោយ​គំនូរ​ត្រីមាត្រ​ (graphic programming) ។ ផ្នែក​ទាំងពីរ​នេះ​មាន​វិសាលភាព​ធំធេង​ណាស់ ហើយ​អ្នក​សរសេរ​កូដ​ភាគច្រើន ចាប់​យក​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​ផ្នែក​ទិន្នន័យ​ឬ​ផ្នែក​ក្រាភីក តែ​ក៏​មាន​អ្នក​សរសេរកូដ​ខ្លះ​អាច​ចាប់​យក​ទាំងពីរ​ផ្នែក​បាន​ដែរ​។ នៅ​តាម​ក្រុមហ៊ុន​នានា​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​សហភាព​អឺរ៉ុប អ្នក​សរសេរ​កូដ​ផ្នែក​ក្រាភីក បាន​ប្រាក់​ខែ​ច្រើន​ជាង​អ្នក​សរសេរ​កូដ​ខាង​ផ្នែក​ទិន្នន័យ​។

មួយ​វិញ​ទៀត ការសរសេរ​កូដ​ផ្នែក​ក្រាភីក មិន​មែន​មាន​ន័យ​ថា ត្រូវ​ចេះ​គូរ​ឆ្លាក់ (design) រូប​គំនូរ​ទាំងឡាយ​នោះ​ទេ គឺ​មាន​ន័យ​ថា​ត្រូវ​ចេះ​សរសេរ​កូដ​បង្កើត​ជា​ software ​ផ្សេង​ៗ ទាក់ទង​នឹង​ការបង្កើត​គំនូរ​ត្រីមាត្រ មាន​ដូច​ជា​កម្មវិធី Autodesk Maya និង Autodesk 3ds Max ជាដើម​។ លើស​ពី​នេះ​ទៀត អ្នក​សរសេរ​កូដ​ផ្នែក​ក្រាភីក ​ក៏​ត្រូវ​មាន​សមត្ថភាពផង​ដែរ ក្នុង​ការយក​រូប​គំនូរ​ត្រីមាត្រ​ទាំងឡាយ​ មក​សរសេរ​កូដ​បង្កើត​បាន​ជា​កម្មវិធី​គំនូរ​ត្រីមាត្រ​ផ្សេង​ៗ មាន​ដូចជា​កម្មវិធី​សារមន្ទីរ​នៅ​លើ​បណ្តាញ internet និងឬ​ល្បែង​ឌីជីតល់​ផ្សេង​ៗ​ជាដើម​។

យ៉ាងណាម៉ិញ ការគូរឆ្លាក់​បង្កើត​រូប​ត្រីមាត្រផ្សេង​ៗ គឺ​ជា​សមត្ថភាព​របស់​អ្នក​ឌីសាញ ដែល​ជួនកាល​គេ​ចាត់ទុក​អ្នក​ទាំងនោះ​ថា​ជា​សិល្បករ (artist) ពីព្រោះ​ការគូរឆ្លាក់​រូប ដាក់​ពន្លឺ ​ដាក់ពណ៌ និង​ការប្រើប្រាស់​កាមេរ៉ា ត្រូវ​គេ​ចាត់ទុក​ថា​ជា​ទេពកោសល្យ​សិល្បៈ ជាជាង​ទេពកោសល្យ​វិទ្យាសាស្ត្រ​ (scientific talent) ។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​ក៏​សិល្បករ​ផ្នែក​ឌីសាញ​ទាំងនោះ ​ត្រូវ​ស្គាល់​អោយ​បាន​ច្បាស់​ពី​ software ដែល​ពួក​គេ​យក​មក​ប្រើប្រាស់​ក្នុង​ការគូរឆ្លាក់​រូប​ផងដែរ​។

សរុបមក យើង​ត្រូវ​បែងចែក​អោយ​បាន​ច្បាស់លាស់ ​រវាង​អ្នក​សរសេរកូដ​ផ្នែក​គំនូរ​ត្រីមាត្រ និង​អ្នក​គូរឆ្លាក់​រូប​ផ្នែក​គំនូរ​ត្រីមាត្រ​។ និយាយ​អោយ​ចំ អ្នក​សរសេរកូដ​ផ្នែក​រូបគំនូរ​ត្រីមាត្រ តែង​តែ​យក​រូប​គំនូរ​ត្រីមាត្រ​ដែល​ត្រូវ​បាន​គូរ​ឆ្លាក់​ដោយ​សិល្បករ​គំនូរ​ត្រីមាត្រ មក​សរសេរ​កូដ​បង្កើត​បាន​ជា​កម្មវិធី​គំនូរ​ត្រី​មាត្រ​ផ្សេង​ៗ មាន​ដូច​ជា​ល្បែង​ឌីជីតល់​ជាដើម​។ ឬ​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា «Programmer» គឺ​ខុស​ពី «Designer» ។

មួយវិញទៀត ដោយហេតុថា រហូត​មក​ពេល​បច្ចុប្បន្ន​នេះ វិស័យ​គំនូរ​ត្រីមាត្រ ក៏​បាន​រីករាលដាល​រហូត​ទៅ​ដល់​គេហទំព័រ​ផងដែរ តាម​រយៈក្បួន​ខ្នាត​ជា​ភាសា JS នៃ​កញ្ចប់ WebGL ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ស្ទើរ​គ្រប់ browser ទាំងអស់ អ្នក​អភិវឌ្ឍន៍​កម្មវិធី​គេហទំព័រ​ទាំងឡាយ ​ក៏​អាច​ចាប់​យក​ជំនាញ​ថ្មី​នេះ អោយ​បាន​ទាន់ពេល​វេលា​ផងដែរ​ ពីព្រោះ​បើ​តាម​អ្នក​ជំនាញ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ អ្វី​ៗ​នឹង​ស្ថិត​នៅ​លើ​បណ្តាញ​ Internet ​ទាំងអស់​។

ទាក់ទង​នឹង​រឿង​នេះ នៅ​ពេល​ថ្មី​ៗ​នេះ ​មាន​ក្រុមហ៊ុន​រុស្ស៊ី​មួយ​មាន​ឈ្មោះ​ថា Triumph ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ូស្គូ បាន​បង្កើត​នូវ​កម្មវិធី​គំនូរ​ត្រីមាត្រ​បើក​ចំហរ​មួយ​មាន​ឈ្មោះ​ថា Blend4Web ដែល​អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​សំរាប់​គេហទំព័រ​បាន​។

Blend4Web ជា​កម្មវិធី​គំនូរ​ត្រីមាត្រ​ឈរ​នៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​កម្មវិធី Blender ដែល​ជា​កម្មវិធី​គំនូរ​ត្រីមាត្រ​បើក​ចំហរ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ពិភពលោក​ នៅ​ក្នុង​ចំណោម​កម្មវិធី​គំនូរ​ត្រីមាត្រ​ដ៏​ល្បី​ល្បាញ​ផ្សេង​ៗ​ទៀត មាន​ដូចជា Autodesk Maya និង Autodesk 3ds Max ជាដើម​។

សំរាប់​អ្នក​សរសេរ​កម្មវិធី​ក្រាភីក Blend4Web គឺ​ជា framework មួយ​ដែល​នៅ​ក្នុង​នោះ​មាន​ក្បួន​ខ្នាត​ជា​ភាសា JS មួយ​ចំនួន អនុញ្ញាត​អោយ​យើង​អាច​យក​រូប​គំនូរ​គូរ​ឡើង​ដោយ​កម្មវិធី Blender មក​សរសេរកូដ​បង្កើត​ជា​កម្មវិធី​ត្រីមាត្រ​បាន​គ្រប់​ប្រភេទ ដែល​អាច​ដំណើរការ​ទៅ​បាន​នៅ​លើ browser ។ យើង​អាច​ទាញ​យក​កម្មវិធី Blend4Web ​ពី​អាស័យដ្ឋាន​មួយ​នេះ៖ https://www.blend4web.com/en/downloads/