ឈ្មោះ​​ & ពាក្យ​សំងាត់

ទំរង់បែបបទ (form) ជា​ផ្នែក​ដ៏​ចាំបាច់​មួយ នៅ​ក្នុង​កម្មវិធី​គេហទំព័រ​ទាំងឡាយ ដែល​មាន​នាទី​ទទួល​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ និង​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ទៅ​លើ server ។ យ៉ាងណាម៉ិញ តួនាទី​របស់​ភាសា JS ទាក់ទង​ទៅ​នឹង​ទំង់​បែបបទ គឺ​ធ្វើ​យ៉ាងណា អោយ​ទិន្នន័យ​ដែល​ត្រូវ​បញ្ជូន​ទៅ​លើ server ត្រូវ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅ​តាម​អ្វី​ៗ​ដែល​កម្មវិធី​គេហទំព័រ​ចង់​បាន​ ដោយហេតុថា នៅ​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​អាច​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ទំរង់បែបបទ ​ជា​អ្វី​ៗ​ដែល​កម្មវិធី​គេហទំព័រ​​មិន​ចង់​បាន​។

ជាទូទៅ យើង​ត្រូវ​ប្រើប្រាស់​ធាតុ HTML form ដើម្បី​បង្កើត​ទំរង់​បែបបទ​ទាំងឡាយ​ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖
<!DOCTYPE html>
<html>
  <head>
    <link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
  </head>
  <body style="font:14px/1.5 'Odor Mean Chey'">
  
  	<form name="myForm" action="/action_page.php" onsubmit="return validateForm()" method="post">
        ឈ្មោះៈ<input type="text" name="fname" />
        ពាក្យ​សំងាត់ៈ<input type="password" name="fpassword" />
        <input type="submit" value="បញ្ជូន" /> <input type="reset" value="លុបចេញ" />
    </form>
  
    <script>
		function validateForm() {
        	var valn = document.forms["myForm"]["fname"].value;
        	var valp = document.forms["myForm"]["fpassword"].value;
        	if ((valn == "") || (valp == "")) {
          		alert("អ្នកត្រូវ​បំពេញ​ទំរង់​បែបបទ​នេះ​អោយ​បាន​ពេញលេញ​។");
          		return false;
       		}
      	}
    </script>
  </body>
</html>
ឈ្មោះៈ
ពាក្យ​សំងាត់ៈ

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា onsubmit="return validateForm()" គឺ​ជា​ការភ្ជាប់​ហេុតការណ៍ submit ឬ onsubmit ទៅ​នឹង​លទ្ធផល​ដែល​ក្បួន validateForm() បញ្ជូន​មក​។ ហេតុការណ៍ submit កើតឡើង​នៅ​ពេល​ដែល​ប៊ូតុង submit (បញ្ជូន) ត្រូវ​បាន​ចុច​។ ហើយ​បើ​លទ្ធផល​ជា​តក្កអថេរ false ទំរង់​បែបបទ​ខាង​លើ នឹង​មិន​បញ្ជូន​ទិន្នន័យ​ណា​មួយ​ទៅ server ឡើយ​។

នៅ​លើ​បន្ទាត់​លេខ 9 គឺ​ជា​ការបង្កើត​ធាតុ HTML មួយ​សំរាប់​ទទួល​យក​ទិន្នន័យ​ដែល​មាន​ប្រភេទ​ជា​អត្ថបទ​។

នៅ​លើ​បន្ទាត់​លេខ 10 គឺ​ជា​ការបង្កើត​ធាតុ HTML មួយទៀត​សំរាប់​ទទួល​យក​ទិន្នន័យ​មាន​ប្រភេទ​ជា​ពាក្យ​សំងាត់ ដែល​នឹង​មិន​ត្រូវ​បង្ហាញ​អោយ​ឃើញ​ឡើយ​។

នៅ​លើ​បន្ទាត់​លេខ 11 គឺ​ជា​ការបង្កើត​ប៊ូតុង​ចំនួន​ពីរ​។ ប៊ូតុង​ដើម​គេ​គឺ​ជា​ប៊ូតុង submit ប្រើ​សំរាប់​ចុច​ប្រមូល​យក​ទិន្នន័យ​នៅ​ក្នុង​ទំរង់បែបបទ​បញ្ជូន​ទៅ server ។ ចំណែក​ឯ​ប៊ូតុង​បន្ទាប់​ពី​នោះ គឺ​ជា​ប៊ូតុង​ចុច​លុប​ទិន្នន័យ​នៅ​ក្នុង​ទំរង់់បែបបទ ក្នុង​ករណី​ដែល​អ្នក​ប្រើប្រាស់​ចង់​សរសេរ​បញ្ចូល​ទិន្នន័យ​សារជាថ្មី​ម្តង​ទៀត (reset) ។

នៅ​លើ​បន្ទាត់​លេខ 16 គឺ​ជា​ការចំលង​យក​ទិន្នន័យ​នៅ​ក្នុង​ធាតុ HTML មាន​ឈ្មោះ​ថា fname នៅ​ក្នុង​ទំរង់បែបបទ​ខាង​លើ​ដែល​មាន​ឈ្មោះ​ថា myForm ។

នៅ​លើ​បន្ទាត់​លេខ 17 គឺ​ជា​ការចំលង​យក​ទិន្នន័យ​នៅ​ក្នុង​ធាតុ HTML មាន​ឈ្មោះ​ថា fpassword នៅ​ក្នុង​ទំរង់​បែបបទ​ខាង​លើ​ដែល​មាន​ឈ្មោះ​ថា myForm ។

នៅ​លើ​បន្ទាត់​លេខ 18 គឺ​ជា​ការផ្ទៀងផ្ទាត់​មើល​ថា តើ​អ្នក​ប្រើប្រាស់​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ទំរង់បែបបទ​បាន​ពេញ​សព្វគ្រប់​ដែរ​ឬ​ទេ​។ ហើយ​បើ​នៅ​ខ្វះ​ទិន្នន័យ​ណា​មួយ ក្បួន​ឆ្លើយតប​ហេតុការណ៍ validateForm() នឹង​បង្ហាញ​ព័ត៌មាន​ប្រាប់​អ្នក​ប្រើប្រាស់​អោយ​បំពេញ​ទំរង់​បែបបទ​អោយ​បានសព្វ​គ្រប់ រួច​បញ្ជូន​លទ្ធផល​ជា​តក្កអថេរ false កាន់​កន្លែង​ដែល​វា​ត្រូវ​បាន​យក​ទៅ​ប្រើ​៕