
នៅក្នុងការសរសេរកម្មវិធីជាភាសា JavaScript ដែលអាចដំណើរការនៅក្នុងកំព្យូទ័រនៅលើបណ្តាញដែលគេហៅថាជា server បាននោះ យើងអាចប្រើប្រាស់កម្មវិធីឬផ្នែកទន់មួយ មានឈ្មោះថា Node.js ដែលជាផ្នែកទន់បើកទូលាយ អនុញ្ញាតអោយយើងអាចយកមកប្រើប្រាស់បានតាមសេចក្តីត្រូវការ។
ជាទូទៅ បណ្តាកម្មវិធី JavaScript ទាំងឡាយណាដែលត្រូវបានបង្កើតឡើង ដោយឈរនៅលើមូលដ្ឋាននៃផ្នែកទន់ Node.js មាននាទីបញ្ជូនឯកសារផ្សេងៗពី server ទៅកាន់កំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍ tablet របស់អ្នកប្រើប្រាស់ ដែលបានចុចនេះចុចនោះ ដើម្បីពិនិត្យមើលឬអានឯកសារទាំងឡាយដែលមាននៅលើ server ។
ក៏ប៉ុន្តែ លក្ខណពិសេសរបស់បណ្តាកម្មវិធីដែលឈរលើមូលដ្ឋាននៃផ្នែកទន់ Node.js គឺក្រោយពីបញ្ជូនព័ត៌មានដែលជាការចុចនេះចុចនោះរបស់អ្នកប្រើប្រាស់ទៅកាន់ server រួចហើយ កម្មវិធីទាំងនោះនឹងមិនរង់ចាំទទួលយកឯកសារពី server មកវិញដើម្បីបញ្ជូនអោយទៅអ្នកប្រើប្រាស់វិញឡើយ ពោលគឺវានឹងទទួលយកព័ត៌មានថ្មីៗទៀតពីអ្នកប្រើប្រាស់ សំរាប់បញ្ជូនទៅ server ជាបន្តបន្ទាប់។ លក្ខណៈនេះបានធ្វើអោយកម្មវិធី Node.js ទាំងឡាយខុសប្លែកពីកម្មវិធីជាភាសា PHP និងជាភាសា ASP ។
យ៉ាងណាម៉ិញ ជាទូទៅមុននឹងបង្កើតកម្មវិធីផ្សេងៗដែលអាចដំណើរការនៅ server បាននោះ គេតែងតែបង្កើតនឹងសាកល្បងកម្មវិធីទាំងនោះនៅក្រៅបណ្តាញជាមុនសិន ដោយទាញយកនិងតំឡើងកម្មវិធី Node.js នៅក្នុងបណ្តាកំព្យូទ័រផ្ទាល់ខ្លួនឬកំព្រូទ័រទាំងឡាយនៅក្រៅបណ្តាញ។
ដើម្បីទាញយកនិងតំលើងកម្មវិធី Node.js នៅក្នុងកំព្យូទ័ររបស់យើង យើងអាចចូលទៅតាមអាស័យដ្ឋាននេះ https://nodejs.org ។
បន្ទាប់ពីតំឡើងកម្មវិធី Node.js រួចហើយ យើងចាំបាច់ត្រូវប្រើប្រាស់ផ្នែកទន់សំរាប់សរសេរកម្មវិធីកំព្យូទ័រណាមួយ ដែលជាភាសាអង់គ្លេសគេហៅថា Integrated Development Environment (IDE) សំរាប់សរសេរកម្មវិធីជាភាសា JavaScript របស់យើង ដែលនឹងអាចដំណើរការនៅលើបណ្តាញ Internet ។
នៅក្នុងចំណោម IDE ដ៏ល្បីៗទាំងឡាយ Notepad++ ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក សំរាប់សរសេរកម្មវិធីកំព្យូទ័រជាច្រើនប្រភេទ រាប់ទាំងកម្មវិធីជាភាសា JavaScript ផងដែរ។ យើងអាចទាញយកកម្មវិធី Notepad++ ពីអាស័យដ្ឋាននេះ https://notepad-plus-plus.org/downloads/ ។
បន្ទាប់មកទៀត យើងអាចសាកល្បងប្រើប្រាស់ផ្នែកទន់ Notepad++ សំរាប់សរសេរកម្មវិធីនៅលើបណ្តាញដោយឈរលើមូលដ្ឋាន Node.js ដំបូងបំផុតរបស់យើង ដោយធ្វើដូចខាងក្រោមនេះ៖
var http = require('http'); http.createServer(function (req, res) { res.writeHead(200, {'Content-Type': 'text/html'}); res.end('កម្មវិធី Node.js'); }).listen(8080);បើយើងរក្សាឯកសារខាងលើនេះទុកនៅក្នុងថតណាមួយ ដោយដាក់ឈ្មោះថាអ្វីមួយ មានដូចជា hello.js ជាដើម យើងនឹងបានកូនកម្មវិធី Node.js មួយ ដែលនឹងអាចដំណើរការនៅលើបណ្តាញ។ ហើយដើម្បីដំណើរការកម្មវិធីនេះ ជាដំបូងឡើយ យើងត្រូវចុចដំណើរការបង្អួចខ្មៅ (prompt window) រួចសរសេរ CD ចូលទៅក្នុងថតដែលមានកម្មវិធី hello.js រួចសរសេរនៅលើបង្អួចខ្មៅនោះថា node hello.js និងចុច Enter ដើម្បីអោយកម្មវិធី hello.js នោះដំណើរការជាប់រហូតនិងបង្ហាញលទ្ធផលនៅលើ Browser នៅពេលដែលយើងបើក Browser ដែលមានអាស័យដ្ឋានជា http://localhost:8080/ ។
