
មុននឹងស្វែងយល់ពីអ្វីដែលហៅថា «REST API» យើងចាំបាច់ត្រូវយល់ពីអ្វីដែលហៅថា «API» ជាមុនសិន។ API ជាអក្សរកាត់មកពីពាក្យអង់គ្លេសថា Application Programming Interface ដែលមានន័យថាគឺជាបណ្តាក្បួនខ្នាតទាំងឡាយណា ដែលអ្នកសរសេរកម្មវិធីកំព្យូទ័រអាចយកពីក្នុងផ្នែកទន់ណាមួយ យកមកប្រើប្រាស់ក្នុងការបង្កើតកម្មវិធីកំព្យូទ័រថ្មីមួយទៀត ដែលទាក់ទងទៅនឹងកម្មវិធីដើមនោះ។
ជាក់ស្តែង យើងអាចយកក្បួនខ្នាតដែលជា API របស់ Facebook មកប្រើ ដើម្បីសរសេរកម្មវិធីជាភាសា JavaScript ក្នុងគោលបំណងបង្ហាញអត្ថបទនិងឬរូបភាពដែលយើងបានចុះផ្សាយនៅលើទំព័រ Facebook បង្ហាញនៅក្នុងកម្មវិធីថ្មីរបស់យើង។ ហើយជាទូទៅ គ្រប់កម្មវិធីទាំងឡាយណាដែលយក API របស់កម្មវិធីផ្សេងទៀតមកប្រើប្រាស់ ត្រូវគេអោយឈ្មោះថាជា «client» ដែលយើងអាចបកប្រែជាភាសាខ្មែរមកថាជា អតិថិកម្មវិធី ។
មួយវិញទៀត ទិន្នន័យផ្សេងៗដែលអតិថិកម្មវិធីយកពីកម្មវិធីដើមមកប្រើ ត្រូវគេអោយឈ្មោះថាជា «resource» ដែលយើងអាចបកប្រែជាភាសាខ្មែរមកថាជា ធនធាន ។ ដូចនេះ ការប្រើប្រាស់ក្បួនខ្នាតដែលជា API របស់ Facebook ក្នុងគោលបំណងបង្ហាញរូបភាព អត្ថបទ និងឬវីដេអូ ដែលត្រូវបានចុះផ្សាយក្នុងទំព័រ Facebook គឺជាការយកធនធានរបស់ Facebook មកប្រើ។
បន្ទាប់មកទៀត យើងត្រូវស្វែងយល់ពីពាក្យថា «REST» ដែលជាអក្សរកាត់មកពីពាក្យថា Representational State of Transfer ។ ហើយគ្រប់កម្មវិធីទាំងឡាយណាដែមានលក្ខណៈ REST (RESTful) បានន័យថា កម្មវិធីទាំងនោះបានបង្កើតនូវក្បួនខ្នាតមួយចំនួនដែលជា API សំរាប់អោយអតិថិកម្មវិធីទាំងឡាយ អាចយកទៅប្រើប្រាស់ ក្នុងគោលបំណងប្រើប្រាស់ធនធានរបស់កម្មវិធីដើមទាំងនោះ។
ទាក់ទងនឹងរឿងនេះ បណ្តាផ្នែកទន់ដំំណើរការនៅលើបណ្តាញ Internet របស់ក្រុមហ៊ុនធំៗជាច្រើន មានដូចជាផ្នែកទន់របស់ក្រុមហ៊ុនយក្ស Google, Facebook, Twitter និង WordPress ជាដើម សុទ្ធតែមានលក្ខណ REST នេះទាំងអស់។ អាស្រ័យហេតុនេះ យើងអាចយកធនធានពីក្នុងកម្មវិធីទាំងនោះមកប្រើនៅក្នុងអតិថិកម្មវិធីរបស់យើង ដោយការយក API ឬ REST API របស់ពួកវាមកប្រើដោយគ្មានបញ្ហាអ្វីឡើយ។
យ៉ាងណាម៉ិញ ធនធានដែលកម្មវិធីនៅលើបណ្តាញ Internet ទាំងនោះផ្តល់អោយអតិថិកម្មវិធីរបស់យើង ជាទូទៅមានទំរង់ជាទិន្នន័យ JSON, XML ឬ HTML ។ លើសពីនេះទៀត ក្រៅពីយកធនធានមកប្រើ យើងក៏អាចយក REST API របស់កម្មវិធីនៅលើបណ្តាញទាំងនោះមកប្រើ ដើម្បីធ្វើការកែប្រែធនធានរបស់ពួកវា ឬក៏អាចបង្កើតធនធានថ្មីទៀត អោយពួកវាបានថែមទៀតដែរ៕