
ក្រោយពីមានគេហទំព័ររបស់ប្រព័ន្ធ Hexo មួយនៅក្នុងកំព្យូទ័ររបស់យើងហើយ យើងអាចប្រើប្រាស់វាដោយមិនចាំបាច់មាន Internet ក៏បានដែរ។ តែបើយើងចង់ប្រើប្រាស់គេហទំព័រនេះនៅលើ Internet ផងដែរនោះ យើងចាំបាច់ត្រូវចំលងយកវាទៅដាក់នៅលើ server ណាមួយដែលផ្តល់សេវាអោយយើងដោយមិនយកប្រាក់។ បន្ទាប់ពីនោះ គ្រប់ការចុះផ្សាយនៅលើគេហទំព័រនៅក្នុងកំព្យូទ័ររប់សយើង នឹងលេចឡើងនៅលើគេហទំព័រនៅលើ Internet ព្រមពេលជាមួយគ្នា។
នៅក្នុងចំណោម server ទាំងឡាយ Heroku ជា server មួយដែលអាចផ្តល់សេវាអោយយើងអាចយកគេហទំព័រ Hexo នៅដាក់នៅលើនោះបានដោយមិនអស់ប្រាក់ បើសិនជាគេហទំព័រ Hexo របស់យើងមិនមែនជាគេហទំព័រសំរាប់ប្រកបមុខរបររកស៊ីធំដុំទេនោះ។
ជាដំបូង មុននឹងយកគេហទំព័រ Hexo ទៅដាក់នៅលើប្រព័ន្ធ Heroku បាន យើងចាំបាច់ត្រូវបង្កើតកម្មវិធីគេហទំព័រទទេស្អាតមួយសិនទុកនៅក្នុងគណនី Heroku របស់យើង ដោយដាក់ឈ្មោះថាអ្វីមួយ ឧទាហរណ៍ដូចជា myexosite ជាដើម។

បន្ទាប់មកទៀត យើងត្រូវចូលទៅក្នុងថតដែលមានគេហទំព័រ Hexo នៅក្នុងកំព្យូទ័ររបស់យើង និងបើកឯកសារមានឈ្មោះថា _config ដើម្បីសរសេរបន្ថែមនៅខាងចុងឯកសារនោះ នៅក្រោមពាក្យថា deploy ជាពាក្យថា type: heroku និង repo: https"//git.heroku.com/ឈ្មោះកម្មវិធីនៅលើ_heroku.git

បន្ទាប់មកទៀត យើងត្រូវចុចដំណើការកម្មវិធី Node.js command prompt និងសរសេរនៅលើបង្អួចខ្មៅនោះថា npm install hexo-deployer-heroku --save ដើម្បីដំលើងកម្មវិធីសំរាប់ចំលងគេហទំព័រ Hexo ទៅដាក់នៅលើ server របស់ប្រព័ន្ធ Heroku ។ ហើយដើម្បីចំលងយកគេហទំព័រ Hexo រប់សយើងទៅដាក់នៅលើប្រព័ន្ធ Heroku យើងត្រូវសរសេរនៅលើបង្អួចខ្មៅនោះថា hexo deploy ។
បើអ្វីៗបានប្រព្រឹត្តទៅដោយរលូន យើងអាចចូលមើលគេហទំព័រ Hexo របស់យើងនៅលើ Internet បានដោយគ្រាន់ចូលតាមអាស័យដ្ឋានរបស់កម្មវិធីគេហទំព័រថ្មីរបស់យើងនៅលើប្រព័ន្ធ Heroku មានជាអាទិ៍ដូចជា https://kbhexo.herokuapp.com/ ជាដើម៕
