
«Ghost» គឺប្រព័ន្ធគេហទំព័រមួយថ្មីស្រឡាង ដែលកម្មវិធីរបស់វាត្រូវបានសរសេរឡើងជាភាសា JavaScript សុទ្ធសាទ និងដែលអាចដំណើរការបាននៅលើបណ្តា sever ទាំងឡាយណាដែលប្រើប្រាស់ភាសា JavaScript ពិសេសម្យ៉ាងហៅថា «Node.js» ។
មួយវិញទៀត Ghost គឺជាកម្មវិធីកំព្យូទ័របើកទូលាយ (open source) មានន័យថាអ្នកណាក៏ដោយ ក៏់អាចយកកម្មវិធីនេះទៅធ្វើការរកស៊ីផ្សេងៗបានតាមចិត្ត អោយតែពួកគេគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងអាញ្ញាប័ណ្ណ «MIT License» ។
អ្នកផ្តើមគំនិតបង្កើតប្រព័ន្ធ Ghost មុនគេ គឺលោក John O'Nolan ដែលជាអតីតមេដឹកនាំម្នាក់ក្នុងការសរសេរកូដបង្កើតប្រព័ន្ធ WordPress កន្លងមកនេះ។ ជាលទ្ធផល ប្រព័ន្ធ Ghost ត្រូវបានដាក់អោយប្រើប្រាស់ជាសាធារណនៅក្នុងកំឡុងឆ្នាំ 2013 និងត្រូវបានទទួលការគាំទ្រដោយក្រុមហ៊ុនយក្សជាច្រើន មានដូចជាក្រុមហ៊ុន «Microsoft» ជាដើម។
Ghost ក៏ជាប្រព័ន្ធមួយដូចជាប្រព័ន្ធ Blogger និង WordPress ដែរ គឺវាអនុញ្ញាតអោយយើងអាចរចនាគំរូគេហទំំព័រផ្សេងៗ ដែលភាសាអង់គ្លេសហៅថា template ឬ theme បានតាមចិត្ត អាស្រ័យទៅតាមគំនិតបង្កើតថ្មីរបស់យើង។
ជាកិច្ចចាប់ផ្តើម ដើម្បីអាចរៀនបង្កើតគំរូគេហទំព័រសំរាប់ប្រព័ន្ធ Ghost នេះបាន យើងចាំបាច់ត្រូវតំឡើងកម្មវិធី «Node.js» និងកម្មវិធី Ghost នេះនៅក្នុងកំព្យូទ័ររបស់យើងជាមុនសិន ដោយទាញយកកម្មវិធី Node.js ពីគេហទំព័រ https://nodejs.org/en/download/ ។
បន្ទាប់មកទៀត យើងត្រូវបង្កើតថតមួយសំរាប់ដាក់កម្មវិធី Ghost រួចភ្ជាប់កំព្យូទ័ររបស់យើងទៅនឹង Internet និងដំណើរការកកម្មវិធី «Node.js command prompt» ដែលយើងទើបតែតំឡើងរូចនោះ។

នៅលើបង្អួច «Node.js command prompt» យើងត្រូវសរសេរ cd ចូលទៅក្នុងថតសំរាប់ដាក់កម្មវិធី Ghost ក្នុងគោលបំណងតំឡើងកម្មវិធី «Ghost-CLI» មុនសិន ដោយសរសេរនៅលើបង្អូចនោះថា npm install ghost-cli@latest -g រូចចុច Engter ។ នៅពេលដែលកម្មវិធី «Ghost-CLI» ត្រូវបានដំលើងរួចហើយ យើងត្រូវសរសេរថា ghost install local ដើម្បីដំឡើងកម្មវិធី Ghost ផ្តាល់តែម្តង។ បើអ្វីៗបានដំណើរការទៅដោយរលូន យើងអាចដំណើរការប្រព័ន្ធ Ghost នេះបានដោយចូលទៅកាន់អាស័យដ្ឋាន http://localhost:2368 និងឬអាស័យដ្ឋាន http://localhost:2368/ghost ។


យ៉ាងណាម៉ិញ ក្នុងករណីដែលកំព្យូទ័រត្រូវបានបិទរួចបើកវិញ ដើម្បីដំណើរការប្រព័ន្ធ Ghost នេះបាន យើងត្រូវចុចដំណើរការកម្មវិធី «Node.js command prompt» រួចសរសេរនៅលើនោះថា ghost start ។ ផ្ទុយទៅវិញ បើយើងចង់បញ្ឈប់កម្មវិធីនេះ យើងត្រូវសរសេរថា ghost stop ៕
