នៅក្នុងភាសាខ្មែរយើង ពាក្យថា «តម្រា» គឺសំដៅលើក្បួនខ្នាតទាំងឡាយណាដែលត្រូវបានកត់ត្រាទុកសំរាប់អ្នកឯទៀតយកទៅប្រើប្រាស់និងឬរៀនសូត្រតាម។ ស្រដៀងគ្នានេះដែរ នៅក្នុងកម្មវិធី Node.js ពាក្យថា «module» គឺសំដៅទៅលើក្បួនខ្នាតទាំងឡាយណា ដែលត្រូវបានបង្កើតឡើងនិងកត់ត្រាទុកសំរាប់អោយអ្នកអភិវឌ្ឍកម្មវិធីគេហទំព័រដទៃទៀត យកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់ពួកគេ។ ដូចនេះយើងឃើញថាពាក្យថា «តម្រា» នៅក្នុងភាសាខ្មែរ មានន័យគ្រប់គ្រាន់សំរាប់បកប្រែពាក្យថា «module» នៅក្នុងកម្មវិធី Node.js ។
មួយវិញទៀត នៅកម្មវិធី Node.js ខ្លួនវាផ្ទាល់ មានតម្រាមួយចំនួនត្រូវបានបង្កើតឡើងរួចជាស្រេច សំរាប់អោយយើងយកទៅប្រើការក្នុងបរិបទផ្សេងៗគ្នាជាច្រើនរាប់មិនអស់ ក្នុងការអភិវឌ្ឍកម្មវិធីគេហទំព័រ។ ឧទាហរណ៍មានដូចជាតម្រា «HTTP» ជាដើម ដែលយើងអាចយកទៅប្រើការក្នុងការបញ្ជូនអត្ថបទផ្សេងៗពីក្នុង server ទៅកាន់ browser របស់អ្នកចូលមើលកម្មវិធីគេហទំព័ររបស់យើងជាដើម ។ល។ និង ។ល។ ។
ជាទូទៅ ការយកតម្រាណាមួយមកប្រើ ត្រូវធ្វើឡើងតាមរយៈការប្រើបញ្ជា «require» ដូចខាងក្រោមនេះ៖
var http = require('http');
var port = process.env.PORT || 8080;
http.createServer(function (req, res) {
res.writeHead(200, {'Content-Type': 'text/html'});
res.end('កម្មវិធីគេហទំព័រ Node.js');
}).listen(port);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var http = require('http') ជាការយកតម្រាមានស្រាប់ឈ្មោះ «http» មកប្រើ។
នៅលើបន្ទាត់លេខ xxx ការសរសេរថា http.createServer(function (req, res) គឺជាំការយកក្បួនឈ្មោះ «createServer» នៅក្នុងតម្រា «http» មកប្រើដើម្បីបង្កើត server មួយនៅក្នុងកំព្យូទ័ររបស់យើង។
លើសពីនេះទៀត ដើម្បីបង្កើតតម្រាណាមួយសំរាប់ប្រើប្រាស់នៅក្នុងកម្មវិធីគេហទំព័រ Node.js យើងត្រូវប្រើប្រាស់ពាក្យថា «exports» ដោយធ្វើដូចខាងក្រោមនេះ៖
exports.myDateTime = function(){
return Date();
};
បើយើងរក្សាកម្មវិធីខាងលើនេះទុក ដោយដាក់ឈ្មោះថាអ្វីមួយ មានដូចជា «myfirstmodule» ជាដើម វានឹងក្លាយទៅជាតម្រាមួយមានឈ្មោះថា myfirstmodule នេះ។ ជាលទ្ធផល គ្រប់ឯកសារជាភាសា JavaScript ទាំងឡាយណាដែលនៅក្នុងនោះ វត្ថុផ្សេងៗត្រូវបានបង្កើតឡើងនិងទុកនៅក្នុងវត្ថុមួយមានឈ្មោះថា «exports» គឺជាតម្រា។
var http = require('http');
//ការយកតម្រាឈ្មោះ myfirstmodule មកប្រើការ
var dt = require('./myfirstmodule');
var port = process.env.PORT || 8080;
http.createServer(function (req, res) {
res.writeHead(200, {'Content-Type': 'text/html'});
res.write("កាលបរិច្ឆេទនៅពេលនេះគឺ: " + dt.myDateTime());
res.end();
}).listen(port);
នៅលើបន្ទាត់លេខ 4 ការសរសេរថា var dt = require('./myfirstmodule') គឺជាការយកតម្រាឈ្មោះ «myfirstmodule» នៅក្នុងថតជាមួយនឹងឯកសារដែលជាកម្មវិធីកំពុងដំណើរការ យកមកប្រើការ៕













