ចុះផ្សាយ​ព័ត៌មាន


បើ​យើង​ចង់​ចុះ​ផ្សាយ​ព័ត៌មានណា​មួយ​​នៅ​លើគេហទំព័រ Hexo ជា​ដំបូង​យើងត្រូវ​បង្កើត​ឯកសារដែល​ជាការ​​ចុះផ្សាយ​ណា​មួយជា​​មុន​សិន ដោយ​សរសេរ​នៅ​បង្អួច​ខ្មៅ​នៃ​កម្មវិធី Node.js command prompt ថា hexo new "ចំណងជើង​​ណាមួយ" គឺ​ជា​ការស្រេច ប្រព័ន្ធ Hexo​ នឹងបង្កើត​ឯកសារមួយ​ទុក​អោយ​យើង​នៅ​ក្នុង​ថត ​source > _posts ។ ជាក់ស្តែង បើយើង​សរសេរ​ថា hexo new "first_post" យើង​នឹង​ឃើញ​មាន​ឯកសារ​ឈ្មោះ​ «first_post» ត្រូវ​បាន​បង្កើត​ឡើង​និង​ទុក​នៅ​ក្នុង​ថត​ឈ្មោះ​ «_posts» នោះ​។ បន្តាប់ពី​នោះមក យើង​អាច​បើក​ឯកសារថ្មីនោះ​សរសេរ​ព័ត៌មានទាំងឡាយ​នៅ​ក្នុង​នោះ​​បាន​តាម​ចិត្ត​។
---
title: fist_post
date: 2019-04-13 17:00:02
tags:
---

នៅ​លើ​ក្បាល​​ឯកសារ​ថ្មី​នោះ យើង​ឃើញ​មានការសរសេរ​​ «title: fist_post» ដែល​ជា​ចំណង​នៃ​ការចុះ​ផ្សាយ​របស់​យើង ដែល​ត្រូវ​បាន​ជ្រើសរើសអោយ​យើង​ដោយ​ប្រព័ន្ធ​ Hexo តែ​យើង​​​ក៏​អាច​កែ​តំរូវ​ចំណង​នេះ​ជា​ពាក្យ​អ្វីមួយ​បានដែរ​ ឧទាហរណ៍ដូច​ជាពាក្យ​ថា «ការចុះ​ផ្សាយ​សាកល្បង​ជា​ដើម» ។
---
title: ការចុះ​ផ្សាយ​សាកល្បង
date: 2019-04-13 17:00:02
tags:
---

ចំណែក​ឯ​នៅ​លើ​បន្ទាត់ដែលមានពាក្យ​ថា «date» នោះ​វិញ​ជា​កាលបរិច្ឆេទ​នៃ​ការចុះផ្សាយ​ ដែលអាច​​ត្រូវ​យក​ទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​បានគ្រប់​ពេល​វេលា​។ ហើយ​ពាក្យ​ថា ​«tag» នោះ​វិញ គឺ​ជា​ពាក្យ​សំរាប់​កំណត់​អោយ​ការ​ចុះផ្សាយ​ស្ថិត​​ក្នុង​ជំពូក​ណា​មួយ​ក៏​បាន​ដែរ ដោយ​គ្រាន់​តែ​សរសេរ​ឈ្មោះ​របស់​ជំពូក​នៅ​ខា​ងមុខ​ពាក្យ «tags» នេះ​គឺ​ជាការស្រេច ដូចជា​ពាក្យ​ថា «ពត៌មាន​ក្នុង​ស្រុក» «គំរោងអភិវឌ្ឍន៍» ជាដើម​។ តែ​បើយើង​មិន​ចង់​ដាក់​វា​ក្នុង​ជំពូក​ណា​មួយ​នោះទេ យើង​អាច​ទុក​ចំហរ​ចោលដូច​ខាង​លើ​នេះ​បាន​។

បន្តាប់មទៀត នៅ​ក្រោម​ក្បាល​អត្ថបទ​នេះ យើង​អាច​សរសេរ​ពី​ព័ត៌មានអ្វី​ក៏បានដែរ គឺ​លែង​មាន​ក្បួន​ច្បាប់​ត្រូវ​គោរព​តាម​ទៀត​ហើយ​។ ក៏ប៉ុន្តែ ប្រព័ន្ធ Hexo បាន​ផ្តល់ភាព​ងាយ​ស្រួល​អោយយើង​ជា​ច្រើន​ណាស់​ក្នុង​ចុះផ្សាយ​ព័ត៌មាន ឧទាហរណ៍​ដូច​​ជា​ដើម្បី​ចុះផ្សាយ​វីដេអូ​ YouTube យើង​គ្រាន់​តែ​សរសេរ​ថា {% youtube video_id %} គឺ​ជាការ​ស្រេច ប្រព័ន្ធ Hexo នឹងយក​​វីដេអូ​​នោះមក​ដាក់​នៅ​ក្នុង​ការផ្សាយ​របស់​យើង​ជា​ស្វ័យប្រវត្តិ​ ដូច​ជាឧទាហរណ៍​ខាង​ក្រោម​នេះ​ជា​ដើម៖
{% youtube BklL7xf6krg %} 

មួយវិញ​ទៀត ដើម្បីចុះផ្សាយ​រូបភាព​ផ្សេង​ៗ យើង​គ្រាន់​តែ​សរសេរ​ថា {% asset_img ឈ្មោះ​រូបភាព.ប្រភេទ ឃ្លា​លេចឡើង​នៅពេល​ mouse នៅ​លើ​រូប %} ដោយ​កំណត់​អោយ​ post_asset_folder នៅ​ក្នុង​ឯកសារ​ឈ្មោះ _config.yml មាន​តំលៃ​ជា​​តក្កវត្ថុ​ true គឺ​ជាការ​ស្រេច​។

ការកំណត់​អោយ post_asset_folder នៅ​ក្នុង​ឯកសារ​ឈ្មោះ _config.yml មាន​តំលៃ​ជា​​តក្កវត្ថុ​ true ជា​កត្តា​ធ្វើ​អោយ​ថត​មួយ​មាន​ឈ្មោះ​ដូចឯកសារ​នៃ​​ការចុះ​ផ្សាយ​ នឹង​ត្រូវ​បង្កើត​ទុក​នៅ​ក្នុង​ថត source > _posts ជាមួយ​នឹង​ឯកសារ​នៃ​ការ​ចុះ​ផ្សាយ​របស់​យើង ក្នុង​គោល​បំណងអនុញ្ញាត​អោយ​យើង​អាច​រក្សារ​​ទុក​រូបភាព និង​អ្វី​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ថត​នោះ​​សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ការចុះផ្សាយ​។ ហើយ​នៅ​ពេលដែល​យើង​យក​រូបភាព​មក​ប្រើ យើង​គ្រាន់តែ​​ធ្វើ​ដូច​ខាង​ក្រោម​នេះ​​គឺ​ជា​ការស្រេច​៖
 {% asset_img pic.png រូបភាព​ជា​ឧទាហរណ៍ %}
លើស​ពី​នេះ​​ទៀត​ យើង​ក៏​អាច​ចុះ​ផ្សាយ​នូវការ​សរសេរ​កូដ​ផ្សេង​ៗ​បាន​ដែរ ដោយ​ធ្វើ​ដូច​ខាង​ក្រោមនេះ៖
{% codeblock lang:js %}
var express = require('express');
var app = express();
//ការយក​តម្រា path មក​ប្រើ
var path = require('path');
 
app.get('/', function(req, res) {
    //ការយក​ក្បួន​ឈ្មោះ sendFile មកប្រើ
    res.sendFile(path.join(__dirname, 'index.html'));
});
 
app.listen(process.env.PORT || 8080, function(){
    console.log('The server is running');
});
{% endcodeblock %}

ចុង​ក្រោយ​បង្អស់​ នៅ​ពេល​ដែល​ការចុះ​ផ្សាយ​របស់​​យើង​ត្រូវ​បាន​រៀបរៀង​បាន​ចប់​សព្វគ្រប់​អស់​ហើយ យើង​អាច​ធ្វើ​អោយ​វា​លេច​ឡើង​នៅ​លើ​គេហទំព័រ​ Hexo របស់យើង​នៅ​ក្នុង​កំព្យូទ័រ​និង​នៅ​លើ​ Internet ព្រម​ពេលជាមួយ​គ្នា​បាន ​ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​នៃ​កម្មវិធី Node.js command prompt ថា hexo generate រួច​សរសេរ​​​ទៀត​ថា hexo deploy ៕