បង្កើត​មូលដ្ឋាន​ទិន្នន័យ


យើង​ទាំងអស់​គ្នា​ប្រហែលជា​បាន​ដឹង​រួច​មកហើយ​ថា កំព្យូទ័រ​ដំបូង​គេ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ IBM ក្នុង​គោល​បំណង​រក្សាទុក​នូវ​​ទិន្នន័យ​សំខាន់​ៗ​​របស់​​រដ្ឋាភិបាល​​អាមេរិកាំង​។ ក៏ប៉ុន្តែ​រហូត​មក​ពេល​បច្ចុប្បនេះ កំព្យូទ័រ​និងឧបករណ៍​​បង្កើត​ឡើង​ថ្មី​ផ្សេង​ៗ​ទៀត​ដូច​ជា​ ទូរស័ព្ទដៃ និង iPad ជាដើម ត្រូវ​បាន​យើង​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​ណាស់​ ដូចជា​ការនិយាយ​ទូរស័ព្ទ ​អាន​ព័ត៌មាន​ផ្សេង​ៗ មើល​វីដេអូ និងឬ​ លេង​ល្បែង​ប្លែក​ៗ​​ជា​ដើម​។

ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏ ​មូលដ្ឋាន​ទិន្នន័យ (database) ​នៅ​តែ​ជាគោលដៅ​ដ៏​សំខាន់​បំផុត​សំរាប់​ឧបករណ៍​ទាំងនោះ​ដែរ ពី​ព្រោះ​ទាំងព័ត៌មាន ​ទាំង​វីដេអូ និង ល្បែង​ទាំងឡាយ សុទ្ធតែ​ត្រូវ​បាន​រក្សារ​ទុក​ក្នុង​រូបភាព​ជា​​មូលដ្ឋាន​ទិន្នន័យ​ទាំងអស់​​។

យ៉ាងណាម៉ិញ នៅ​ក្នុង​ប្រព័ន្ធ Google App Script ការបង្កើត​មូលដ្ឋាន​ទិន្នន័យ​ផ្សេង​ៗ អាច​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​​កម្មវិធី Google Sheets ដែល​ស្រដៀង​នឹងកម្មវិធី Excel របស់​ក្រុមហ៊ុន Microsoft ដែរ​។ លើស​ពី​នេះ​ទៀត​​ យើង​ក៏​អាច​ប្រើប្រាស់​​គ្រប់​កម្មវិធី​មូលដ្ឋាន​ទិន្នន័យ​ដ៏​ល្បី​​ៗ​ទាំងប៉ុន្មាន​ដូចជា MySQL និង Oracle​ នៅ​ក្នុង​កម្មវិធី Google App Script របស់​យើង​បាន​ដែរ​។

ជាកិច្ចចាប់ផ្តើម ការបង្កើត​មូលដ្ឋាន​ទិន្នន័យ​ដោយ​ប្រើប្រាស់​កម្មវិធី Google Sheets ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

function createDatabase() {
  //បង្កើត​មូលដ្ឋាន​ទិន្នន័យ​ឈ្មោះ «Classroom»
  var database = SpreadsheetApp.create("Classroom");
  //ចំលង​យក​អត្តសញ្ញាណ​របស់​មូលដ្ឋាន​ទិន្នន័យ
  var databaseId = database.getId();
  
  //បង្កើត​កន្លែង​សំរាប់រក្សា​ទុក​អត្តសញ្ញាណ​មូលដ្ឋានទិន្នន័យ
  var scriptProperties = PropertiesService.getScriptProperties();
  //រក្សាទុក​អត្តសញ្ញាណ​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ Google App Script
  scriptProperties.setProperty('DATABASE_ID', databaseId);
}

នៅ​លើបន្ទាត់លេខ 3 ការសរសេរ​ថា var database = SpreadsheetApp.create("Classroom") គឺ​ជា​បញ្ជា​តំរូវ​អោយ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា «Classroom» ទុក​នៅ​ក្នុង​ Google Drive របស់​យើង​។ ហើយ​បើ​យើង​បើក​ Google Drive របស់​យើង​ដោយ​ចូលតាម​អាស័យដ្ឋាន​នេះ https://drive.google.com/drive/my-drive យើង​នឹង​​ឃើញ​​ឯកសារ​ប្រភេទ Google Sheets មួយ​​ឈ្មោះ​ «Classroom» ត្រូវ​បាន​បង្កើត​ឡើង​និង​ទុក​នៅ​ទីនោះ​។



នៅ​លើ​បន្ទាត់​លេខ 5 ការសរសេរ​ថា var databaseId = database.getId() គឺ​ជា​បញ្ជា​តំរូវ​អោយ​ចំលង​យក​អត្តសញ្ញាណ (ID) របស់​មូលដ្ឋាន​ទិន្នន័យ​មក​ប្រើការ​។

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា var scriptProperties = PropertiesService.getScriptProperties() គឺ​ជា​បញ្ជា​តំរូវ​អោយ​បង្កើត​កន្លែង​មួយ​នៅក្នុង​ប្រព័ន្ធ Google App Script សំរាប់​រក្សា​ទុកអត្តសញ្ញាណ​របស់​មូលដ្ឋាន​ទិន្នន័យ​។

នៅ​លើ​បន្ទាត់​លេខ 10 ការសរសេរ​ថា scriptProperties.setProperty('DATABASE_ID', databaseId) គឺ​ជា​បញ្ជា​តំរូវ​អោយ​រក្សា​ទុក​នូវ​អត្តសញ្ញាណ​របស់​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ Google App Script ដោយ​ដាក់​ឈ្មោះ​អោយ​វា​ថា​ «DATABASE_ID» ។

ជា​លទ្ធផល នៅ​ក្នុង​ប្រព័ន្ធ Google App Script បើ​យើង​ចុច File > Project properties > Script properties យើង​នឹង​ឃើញ​ថា អត្តសញ្ញា​នៃ​មូលដ្ឋាន​ទិន្នន័យ​របស់​យើង​ត្រូវ​បាន​រក្សាទុក​ដោយ​មាន​ឈ្មោះ​ថា «DATABASE_ID» ៕